ទិដ្ឋភាពទូទៅ
អគារពហុបំណងសម្រាប់បម្រើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ឬអគារ សសយក ខេត្តកំពង់ចាម ត្រូវបានផ្តួចផ្តើមគំនិតកសាងដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ដូចគ្នានេះដែរ អគារនេះត្រូវបានដឹកនាំកសាងដោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន សសយក ថ្នាក់កណ្តាល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ សសយក ថ្នាក់កណ្តាល ទទួលបន្ទុកជួយខេត្តកំពង់ចាម និងឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងជាប្រធាន សសយក ខេត្ត ព្រមទាំងមានការឧបត្ថម្ភពីឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រ ឯកឧត្តមអភិបាលខេត្តព្រះវិហារ ឯកឧត្តមអភិបាលខេត្តមណ្ឌលគីរី ឯកឧត្តម អនុប្រធាន និងសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ សសយក ថ្នាក់កណ្តាល ឯកឧត្តមប្រធានក្រុមការងារគ្រប់ថ្នាក់ និងឯកឧត្តម លោកជំទាវ លោក លោកស្រីក្នុងជួរគណៈកម្មាធិការ សសយក ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ វិស័យនានាជុំវិញខេត្ត គ្រឹះស្ថានសិក្សាទូទាំងខេត្ត និងសប្បុរសជនក្នុង និងក្រៅខេត្តប្រមាណជិត ៦០០នាក់/អង្គភាព។
ឈ្មោះអគារនេះ ត្រូវបានកំណត់ជាគោលការណ៍ដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថា អគារពហុបំណងសម្រាប់បម្រើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឲ្យ សសយក ខេត្តកំពង់ចាមប្រើប្រាស់ស្របតាមបរិបទនៃបម្រែបម្រួលរបស់សង្គមជាតិ និងពិភពលោក។
ដើម្បីចាប់ផ្តើមសាងសង់អគារនេះ ពិធីបញ្ចុះបឋមសិលាសាងសង់ត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២២ ក្រោមវត្តមានរបស់ឯកឧត្តម សាយ សំអាល់ ឯកឧត្តម អ៊ុន ចាន់ដា ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហាន កុសល និងឯកឧត្តម លោកជំទាវ លោក លោកស្រីក្នុងជួរគណៈកម្មាធិការ សសយក ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ វិស័យនានាជុំវិញខេត្ត គ្រឹះស្ថានសិក្សាទូទាំងខេត្ត។ អគារនេះត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដែលមានសមាជិក ស.ស.យ.ក សរុបចំនួនជាង ១,០០០នាក់ មកពីខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទូទាំងខេត្តកំពង់ចាម។
អគារនេះ ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានទំហំ ១៣ម៉ែត្រគុណនឹង ២០ម៉ែត្រ សង់ពីថ្ម មានកម្ពស់១ជាន់ គឺជាន់ផ្ទាល់ដី និងជាន់ទី ១ មានដំបូលប្លង់សេឥដ្ឋកន្សែងក្រាលដោយកៅស៊ូការពារជ្រៀបទឹក។ វាត្រូវបានសាងស់នៅលើដីកម្មសិទ្ធិរបស់ សសយក ខេត្តកំពង់ចាម ដែលមានទំហំ ៤,៦០២ម៉ែត្រការ៉េ ដែលជាអំណោយរបស់ឧកញ៉ា ឈន ថារី ក្រោមការត្រួសត្រាយផ្លូវដោយសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាអតីតឥស្សរជនដឹកនាំឆ្នើម និងមុនគេបង្អស់ ដែលបានបង្កើតចក្ខុវិស័យវែងឆ្ងាយសម្រាប់ការអភិវឌ្ឍនគរូបនីយកម្មខេត្តកំពង់ចាម និងដែលបានអនុវត្តបន្តនិរន្តរភាពដោយឯកឧត្តម លន់ លឹមថៃ ឯកឧត្តម គួច ចំរើន ព្រមទាំងឯកឧត្តម អ៊ុន ចាន់ដា ដែលជាអភិបាលខេត្តកំពង់ចាម ក្រោមការជួយសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា។
ការរចនាទម្រង់អគារនេះ មានលំនាំដើមពីអគារខេមរានី ដែលជាទីស្នាក់ សសយក រាជធានីភ្នំពេញ ដែលមានពណ៌អនុលោមតាមនិមិត្តសញ្ញា សសយក ពោលគឺ សសរពីរដើមនៅខាងមុខ និងឆ្នូត ២ជាន់ នៅសងខាងនៃផ្នែកខាងក្រៅអគារ។ ដើម្បីចូលរួមចំណែកក្នុងកាត់បន្ថយការឡើងកម្តៅភពផែនដី និងពន្យឺតការប្រែប្រួលអាកាសធាតុ អគារនេះត្រូវបានសាងសង់ដោយថ្ម ហើយផ្ទៃជញ្ជាំងប្រមាណ ៨០% ត្រូវបានរៀបចំជាកញ្ចក់ថ្លា ដែលមានបង្អួចពណ៌សអាចរូតឡើងលើចុះក្រោមបាន។ ការរៀបចំបែបនេះ គឺដើម្បីសន្សំសំចៃថាមពលអគ្គិសនីតាមរយៈការប្រើប្រាស់ពន្លឺធម្មជាតិពីព្រះអាទិត្យ និងស្រូបយកខ្យល់អាកាសធម្មជាតិ។ ទោះយ៉ាងណាក៏ដោយ ម៉ាស៊ីនត្រជាក់ចំនួន ៨គ្រឿង ត្រូវបានបំពាក់គ្រប់បន្ទប់ លើកលែងតែបន្ទប់ចំនួន ២កន្លែងដែលនៅជាន់ផ្ទាល់ដី និងនៅជាន់ទី១។
សេវាកម្ម
អគារពហុបំណងសម្រាប់បម្រើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម មានបន្ទប់ចំនួន ៤ សម្រាប់បម្រើនូវសេចក្តីត្រូវការរបស់យុវជន និងប្រជាជនទូទៅសម្រាប់ការអភិវឌ្ឍ និងបន្ទប់ទឹកចំនួន ២កន្លែង ដោយបែងចែករវាងបុរស ស្ត្រី និងជនមានពិការភាពដោយឡែកពីគ្នា។ លើសពីនេះទៀត ទឹកស្អាតសម្រាប់បរិភោគក៏ត្រូវបានរៀបចំដោយប្រើម៉ាស៊ីនចម្រោះទឹក សម្រាប់ផ្តល់ទឹកស្អាតជូនអ្នកប្រើប្រាស់សេវា សសយក។
សាលភ្នំប្រុស
សាលភ្នំប្រុស មានរាងទ្រវែង ស្ថិតនៅជាន់ផ្ទាល់ដី និងត្រូវបានរៀបចំតុវែងមួយ ដែលអាចអនុញ្ញាតឲ្យមនុស្សចំនួន ៣២នាក់ជាអតិបរមាចូលរួម និងប្រើប្រាស់។ សាលនេះមានជញ្ជាំងកញ្ចក់ ២ចំហៀង ដើម្បីស្រូបយកពន្លឺ និងបង្អួចកញ្ចក់ដើម្បីស្រូបយកខ្យល់អាកាសធម្មជាតិ។ ជាមួយគ្នានេះផងដែរ សាលនេះក៏ត្រូវបានបំពាក់ដែរដោយប្រព័ន្ធបញ្ចាំងស្លាយ និងប្រព័ន្ធសម្លេងនៅលើតុ ដែលអនុញ្ញាតឲ្យមនុស្សពីរនាក់ប្រើមីក្រូហ្វូនមួយ។ លើសពីនេះទៀត ដូចគ្នានឹងសាលដទៃដែរ សាលនេះត្រូវបានបំពាក់ប្រព័ន្ធអ៊ីនធឺណិត WiFi ដើម្បីប្រើប្រាស់ក្នុងគោលបំណងនានាពាក់ព័ន្ធនឹងបច្ចេកវិទ្យា។ ទោះជាយ៉ាងនេះក្តី សាលនេះត្រូវបានបំពាក់ម៉ាស៊ីនត្រជាក់ចំនួន ២គ្រឿងផងដែរ ប៉ុន្តែពុំមានប៉ូដ្យូមសម្រាប់ឈរនិយាយទេ ប៉ុន្តែអាចដាក់បានក្នុងករណីមានតម្រូវការចាំបាច់។
បណ្ណាល័យ
ដោយយល់ឃើញថា ការអានមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍចំណេះដឹង អគារនេះមានបំណងបំពាក់នូវសេវាបណ្តាល័យគ្រប់ប្រភេទរួមមាន ការអានសៀវភៅតាមរបៀធម្មតា ការអាន សិក្សាស្រាវជ្រាវតាមបែបឌីជីថល និងការកម្សាន្ត។ ដូច្នេះវាន័យថា បណ្តាល័យនេះមានទាំងសៀវភៅ ទាំងម៉ាស៊ីនកុំព្យូទ័រ ទូរទស្សន៍ ឧបករណ៍ស្តាប់ស្ងៀមស្ងាត់ កៅអីអង្គុយ និងប្រព័ន្ធ WiFi។ សៀវភៅអានមួយចំនួនត្រូវបានរៀបចំជាបណ្តើរៗ អមដោយផែនការរៀបចំបណ្ណាល័យឌីជីថលសម្រាប់ពេលអនាគត។ បន្ទប់បណ្ណាល័យនេះ មានជញ្ជាំងកញ្ចក់មួយចំងៀង និងមានបង្អួចចំនួន ២ វាំងននពណ៌សគ្របលើផ្ទៃបង្អួច នាឡិកាលើជញ្ជាំងមួយគ្រឿង អមដោយម៉ាស៊ីនត្រជាក់មួយគ្រឿង។
ការិយាល័យលេខាធិការដ្ឋាន
ការិយាល័យលេខាធិការដ្ឋាន គឺទីកន្លែងប្រតិបត្តិការការងាររដ្ឋបាលទូទៅ និងកិច្ចការសម្របសម្រួលនានាពាក់ព័ន្ធសេវា សសយក ខេត្តកំពង់ចាម។ ការិយាល័យនេះមានបុគ្គលិកប្រចាំការ ដើម្បីអនុវត្តកិច្ចការខាងលើ។ ការិយាល័យនេះ ជាទីកន្លែងបំពាក់នូវម៉ាស៊ីនគ្រប់គ្រងកាមេរ៉ាសុវត្ថិភាព ដែលអាចមើលស្ថានភាពក្នុង និងក្រៅបរិវេណអគារបាន។ លើសពីនេះទៀត វាជាកន្លែងដែលអាចបោះពុម្ភឯកសារ និងអាចថតចម្លងបន្តិចបន្តួចបាន ប៉ុន្តែវាមិនអាចធ្វើការងារនេះក្នុងទ្រង់ទ្រាយធំបានទេ។
សាលភ្នំស្រី
សាលភ្នំស្រី ស្ថិតនៅជាន់ទី ១ ដែលត្រូវបានប្រើប្រាស់កញ្ចក់ជាជញ្ជាំងក្នុងគោលបំណងដូចបានរៀបរាប់ខាងលើ។ សាលនេះ អាចទទួលអ្នកចូលអតិបរមាចំនួន ២០០នាក់ ហើយមានសមត្ថភាពក្នុងការផ្តល់នូវសេវាអ៊ិនធឺណិត WiFi ប្រព័ន្ធសម្លេង និងប្រព័ន្ធបញ្ជាំងរូបភាព និងវីឌីអូ LED Display ទំហំបណ្តោយ ៤ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ នៅលើជញ្ជាំងខាងមុខ។
ប្រព័ន្ធបញ្ចាំងរូបភាព និងវីឌីអូ ដែលត្រូវបានបំពាក់ជាមួយនឹង LED Display សម្រាប់បង្កភាពងាយស្រួលមើលដល់អ្នកចូលរួមនៅខាងក្រោម ក៏ត្រូវបានភ្ជាប់ជាមួយម៉ាស៊ីនបញ្ចាំងស្លាយ Projector មួយទៀតនៅទល់មុខគ្នាលើពិដាន ក្នុងគោលបំណងបង្កភាពងាយស្រួលដល់គណៈអធិបតីសម្រាប់ការធ្វើបទបង្ហាញនានា។ ប្រព័ន្ធបច្ចេកវិទ្យាទាំងនេះក៏នឹងអាចអនុញ្ញាតឲ្យមានការប្រជុំពីចម្ងាយបានដែរ។
បន្ទប់ទឹក
អគារនេះ មានបន្ទប់ទឹកចំនួន ២កន្លែង ដែលមួយកន្លែងនៅជាន់ផ្ទាល់ដី និងមួយកន្លែងទៀតនៅជាន់ទី ១ ដោយបន្ទប់ទាំងនេះត្រូវបានបំពាក់ជាមួយនឹងអំពូលវៃឆ្លាតប្រើប្រព័ន្ធសិនស័រក្នុងគោលបំណងសន្សំសំចៃថវិកាក្នុងការប្រើប្រាស់ថាមពលអគ្គិសនី។ បន្ទប់ទឹកមួយកន្លែងនៅជាន់ផ្ទាល់ដី ចែកចេញជា ៣ប្រភេទផ្សេងគ្នា រួមមាន បន្ទប់ទឹកសម្រាប់មនុស្សស្រី បន្ទប់ទឹកសម្រាប់មនុស្សប្រុស និងបន្ទប់ទឹកសម្រាប់ជនមានពិការភាព។ បន្ទប់ទឹកនីមួយៗត្រូវបានតុបតែងដើម្បីបង្កើតសោភណ្ឌភាព និងបរិយាកាសស្អាត និងអនាម័យល្អ ដែលជាផ្នែកមួយនៃការលើកកម្ពស់សុខភាព។ បន្ទប់ទឹកមួយកន្លែងទៀត ស្ថិតនៅជាន់ទី១ ដែលបែងចែករវាងបន្ទប់ទឹកសម្រាប់បុរស និងស្ត្រីផ្សេងគ្នា តែគ្មានបន្ទប់ទឹកសម្រាប់ជនពិការទេ។
ទីធ្លាជុំវិញអគារ
ក្រៅពីអគារ ទីធ្លាសងខាងអគារក៏ចំណែកដ៏សំខាន់ដែរសម្រាប់ការងារអភិវឌ្ឍ និងការសិក្សារៀនសូត្ររបស់យុវជន។ ទីធ្លានៅខាងឆ្វេងនៃអគារមានបណ្តោយប្រមាណ ៦០ម៉ែត្រ និងទទឹងប្រមាណ ៣៧ម៉ែត្រ រីឯទីធ្លានៅខាងស្តាំនៃអគារមានបណ្តោយប្រមាណ ៧៧ម៉ែត្រ និងទទឹងប្រមាណ ២៥ម៉ែត្រ ដែលទីធ្លាទាំងនេះអាចអនុញ្ញាតឲ្យមានភាពងាយស្រួលក្នុងការរៀបចំព្រឹត្តិការណ៍ជួបជុំនានាបាន។ ពិសេសជាងនេះទៀត នៅជុំវិញបរិវេណទីធ្លាមានសួនច្បារធម្មជាតិ និងដើមឈើជាច្រើន ដែលធ្វើឲ្យបរិយាកាស និងបរិស្ថានកាន់តែស្រស់ស្អាតគួរជាទីមនោរម្យ។